វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា បញ្ចុះ​បឋម​សិលា​សាង​សង់​អគារ​វិទ្យាស្ថាន​ផ្ទាល់​ខ្លួន

វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលបច្ចុប្បន្នគឺជាធនាគារស្ថិតក្នុងលំដាប់កំពូលទាំង១០០ របស់អាស៊ាន, បានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់អគារវិទ្យាស្ថានផ្ទាល់ខ្លួន ដែលមានទីតាំងស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

លោក ឆន ពន្លឺ នាយក វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា បានមានប្រសាសន៍ថា ការសាងសង់អគារវិទ្យាស្ថាននេះ បង្ហាញពីការបេ្ដជ្ញាចិត្តខ្ពស់មួយរបស់វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអប់រំបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ។ ការវិនិយោគនេះនឹងធ្វើឲ្យអាណាព្យាបាល ព្រមទាំងសិស្ស-និស្សិត កាន់តែមានទំនុកចិត្តខ្ពស់មកលើវិទ្យាស្ថានថែមទៀត ស្របតាមផែនការយុទ្ធសាស្ត្ររបស់វិទ្យាស្ថាន ក្នុងការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ លើដេប៉ាតឺម៉ងគ្រប់គ្រងពាណិជ្ជកម្ម មុខជំនាញហិរញ្ញវត្ថុ និងធនាគារ និងដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈលើវិស័យធនាគារ និងហិរញ្ញវត្ថុ ដល់សិស្ស-និសិ្សត អង្គការជាតិ និងអន្តរជាតិទាំងក្នុង និងក្រៅប្រទេស ប្រកបដោយគុណភាពខ្ពស់ស្តង់ដារអន្តរជាតិ ។

វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា បានវិនិយោគទិញដីជាកម្មសិទ្ធិផ្ទាល់ទំហំ ៧,៥៧ ហិចតា ដើម្បីសាងសង់អគារសិក្សាដែលមានផាសុកភាពខ្ពស់ ស្របតាមស្តង់ដារអន្តរជាតិ និងជាអគារដែលផ្តោតការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់បរិស្ថាន និងការសន្សំសំចៃថាមពល (Green Building) ។ គម្រោងវិនិយោគនេះ មានទំហំទឹកប្រាក់សរុបចំនួនជាង ៣៧លាន ដុល្លារសហរដ្ឋអាមរិក ។ គម្រោងសាងសង់សរុបមានចំនួន ៦អគារ រួមមាន ៖ អគារសិក្សាកម្ពស់ ៥ជាន់ ចំនួន២ អគាររដ្ឋបាល (រួមមានទាំងអាហារដ្ឋាន និងបណ្ណាគារ) កម្ពស់ ៣ជាន់ ចំនួន១, អគារបណ្ណាល័យកម្ពស់ ៣ជាន់ ចំនួន១, អគារអន្តេវាសិកដ្ឋានសម្រាប់និស្សិតស្នាក់នៅ កម្ពស់ ៤ជាន់ ចំនួន១, អគារសម្ភារបរិក្ខារ កម្ពស់០១ជាន់ ចំនួន១, ព្រមទាំងទីលានកីឡាបាល់ទាត់ បាល់ទះ បាល់បោះ និង ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតនៅក្នុងបរិវេណវិទ្យាស្ថានទាំងមូល ។ បន្ទាប់ពីបញ្ចប់គម្រោងសាងសង់រួចរាល់នៅឆ្នាំ២០១៨ វិទ្យាស្ថាននឹងមានសមត្ថភាពផ្គត់ផ្គង់កន្លែងធ្វើការដល់បុគ្គលិក និងសាស្រ្តាចារ្យ ចំនួន ៦២៧នាក់ និងទទួលនិស្សិត ចំនួន ២.៨៦៦នាក់ ក្នុងមួយវេន ។

5 4 3

លោក ឆន ពន្លឺ បានមានប្រសាសន៍បន្ថែមថា សំណង់អគាររបស់វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា នឹងសាងសង់ដោយក្រុមហ៊ុន សាជីវកម្ម ពិស្ណុការ អន្តរជាតិ ដែលជាក្រុមហ៊ុនសាងសង់មានការទទួលស្គាល់ និងមានឈ្មោះល្បីល្បាញ ក្នុងព្រះរាជាណាចក្រកម្ពុជា និងបានចុះបញ្ជីពាណិជ្ជកម្ម លេខៈ Co.2268KH/1996 មានទីតាំងស្ថិតនៅផ្ទះលេខ ៥១ ផ្លូវលេខ៣២២ សង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ ។ សូមបញ្ជាក់ថា សំណង់អគារ វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា ទទួលបានការប្រឹក្សាគម្រោង និងការរចនាប្លង់មេដោយក្រុមហ៊ុន HSnK Architecture & Engineering ដែលមានអាសយដ្ឋានចុះបញ្ជីនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ។ វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា បានទទួលច្បាប់អនុញ្ញាតធ្វើការសាងសង់ដោយអនុលោមតាមលិខិតលេខៈ ៣២៩ ដនស ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។

បណ្ឌិត សូ ផនណារី ប្រធានក្រុមប្រឹក្សាភិបាលរបស់ វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា បានមានប្រសាសន៍ថា ការសាងសង់ វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា គឺជាសក្ខីកម្មបង្ហាញពីការបេ្ដជ្ញាចិត្តខ្ពស់មួយបន្ថែមទៀតរបស់វិទ្យាស្ថាន ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើន ដែលស្របតាមតម្រូវការរីកលូតលាស់នៃសេដ្ឋកិច្ចជាតិ ក៏ដូចជាការរីកលូតលាស់នៃសេដ្ឋកិច្ចអាស៊ាននាពេលបច្ចុប្បន្ន និងស្របតាមគោលបំណងរបស់ភាគទុនិក និងភាគីពាក់ព័ន្ធ ដែលបានកំណត់ចក្ខុវិស័យរបស់ខ្លួនថាជាវិទ្យាស្ថានឈានមុខក្នុងការផ្តល់សេវាកម្មអប់រំ-បណ្តុះបណ្តាល ប្រកបដោយគុណភាពខ្ពស់បំផុតជូនដល់សាធារណជនគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍ ។ សិស្ស-និស្សិតដែលទទួលបានការបណ្តុះបណ្តាលពី វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា នឹងមានសមត្ថភាពគ្រប់គ្រាន់ មានវិជ្ជាជីវៈពិតប្រាកដលើជំនាញធនាគារ និងហិរញ្ញវត្ថុ ក្នុងការចូលបម្រើការងារជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានានៅក្នុងប្រទេស ក៏ដូចជានៅបណ្តាប្រទេសសហគមន៍អាស៊ាន និងអន្តរជាតិ ។ វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា ប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ សីលធម៌វិជ្ជាជីវៈ សង្គម ច្បាប់ និងបរិស្ថាន ប្រកបដោយកម្រិតខ្ពស់បំផុត ។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងជាតំណាងភាគទុនិករបស់ វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា បានមានប្រសាសន៍ថា ដោយមើលឃើញនូវឱកាសវិនិយោគប្រកបដោយសក្តានុពលខ្ពស់ក្នុងវិស័យអប់រំ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការអប់រំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ប្រកបដោយគុណភាពខ្ពស់ ទាំងក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាទីផ្សារការងារសកល ធនាគារ អេស៊ីលីដា ភីអិលស៊ី បានសម្រេចបោះទុនវិនិយោគបង្កើត វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា នេះឡើង ដោយកាន់កាប់ភាគហ៊ុន ១០០% ។ ការវិនិយោគក្នុងវិស័យអប់រំត្រូវការរយៈពេលវែងដើម្បីទទួលបានផលចំណេញ មិនដូចគ្នានឹងធុរកិច្ចផ្សេងៗដែលការវិនិយោគត្រូវការតែរយៈពេលពី៣ឆ្នាំ ទៅ ៥ឆ្នាំប៉ុណ្ណោះ ដើម្បីទទួលបានផលចំណេញ ។ ការវិនិយោគក្នុងវិស័យអប់រំនេះនឹងផ្តល់នូវអត្ថប្រយោជន៍ និងតម្លៃតបស្នងមិនអាចកាត់ថ្លៃបាន តាមរយៈការចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយសមត្ថភាពវិជ្ជាជីវៈខ្ពស់ ស្របតាមទស្សនៈ និងបេសកកម្មរបស់វិទ្យាស្ថាន ដែលធនធានទាំងនោះនឹងផ្តល់នូវផលិតភាពការងារប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ជូនស្ថាប័ន ឬគ្រឹះស្ថានទាំងអស់ បន្ទាប់ពីបានឆ្លងកាត់ការអប់រំបណ្តុះបណ្តាល និងបញ្ចប់ការសិក្សាពី វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា ។

អំពីវិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា

វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា គឺជាគ្រឹះស្ថានឧត្តមសិក្សាដែល ទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈអនុក្រឹត្យ លេខ ១៣ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ ដើម្បីផ្តល់នូវសេវាកម្មអប់រំកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងការបណ្តុះបណ្តាលជំនាញហិរញ្ញវត្ថុ ធនាគារ និងមីក្រូហិរញ្ញវត្ថុ ដល់និស្សិត-សិក្ខាកាមជាតិ និងអន្តរជាតិ ។ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០១៦ វិទ្យាស្ថានមានបុគ្គលិក និងសាស្រ្តាចារ្យកំពុងបម្រើការ ចំនួន ១៤៣នាក់ និងមានទ្រព្យសកម្មសរុបចំនួនជាង ២៦ លានដុល្លារអាមេរិក ។ ក្រៅពីទទួលរ៉ាប់រងបណ្តុះបណ្តាលដល់កម្មករ និយោជិតធនាគារ អេស៊ីលីដា និងក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុង និងក្រៅប្រទេស វិទ្យាស្ថានកំពុងបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ លើមុខជំនាញហិរញ្ញវត្ថុ និងធនាគារ ចំនួន ៤១០នាក់ ព្រមទាំងបានធ្វើការបណ្តុះបណ្តាលលើជំនាញហិរញ្ញវត្ថុ ធនាគារ និងមីក្រូហិរញ្ញវត្ថុ ដល់សិក្ខាកាមជាតិ សរុបចំនួន ៤.៩៦៨នាក់ មកពីគ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ អង្គការ ប្រតិបត្តិករឥណទាន ក្រុមហ៊ុនឯកជន ចំនួន២០៥ស្ថាប័ន និងសិក្ខាកាមអន្តរជាតិ ដែលជានិយតករ និងប្រតិបត្តិករធនាគារ និងហិរញ្ញវត្ថុ សរុបចំនួន ១.៧៩៦នាក់ មកពី ១២៩ស្ថាប័ន នៃ២៩ប្រទេស ។

អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាក្រុមហ៊ុនមេ មានបណ្តាញប្រតិបត្តិការរហូតដល់ ២៥៩សាខា ទូទាំងព្រះរាជាណាចក្រកម្ពុជា និង ៤១ការិយាល័យ នៅប្រទេសឡាវ និង ៦ការិយាល័យនៅប្រទេស មីយ៉ាន់ម៉ា រួមជាមួយនឹងទ្រព្យសកម្មសរុបចំនួនជាង ៤.៦០៦ លានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ២.៧៧៥ លានដុល្លារ អាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៣.០៥៦ លានដុល្លារអាមេរិក និងប្រាក់ចំណេញសុទ្ធបន្ទាប់ពីបង់ពន្ធ ចំនួន ១២០,៦ លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ នេះ ។ បច្ចុប្បន្នធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនប្រាំ គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា, ស្ថានប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា និងអេស៊ីលីដា ប្រូភើធី អិលធីឌី ព្រមទាំងមានការិយាល័យតំណាងមួយនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ។

Leave a Reply

Your email address will not be published. Required fields are marked *